ទំនុកដំកើង
Psalm 3
ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎ មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
2 មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់
3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
4 ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធ របស់ទ្រង់។ បង្អង់
5 ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
6 ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ
8 ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ –បង្អង់