ទំនុកដំកើង
Psalm 35
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
2 សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ
3 សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ
4 សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ
5 សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅ ហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង
6 សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ
7 ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ
8 សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេ ដោយឥតដឹងខ្លួន ហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញ សូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង
9 នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរ ក្នុងព្រះយេហូវ៉ា ហើយនិងមានសេចក្ដីរីករាយ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រ និងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
11 មានសាក្សីកោងលើកគ្នាឡើង គេចោទសួរពីរឿងដែលទូលបង្គំមិនដឹង
12 គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
13 តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសម្ដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
14 ទូលបង្គំបានប្រព្រឹត្តបែបដូចជាអ្នកនោះជាសំឡាញ់ ឬជាបងប្អូន ទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោក ដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ
15 តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្ត នោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផង មនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំ តែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ
16 គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា
17 ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ
18 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន
19 សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ
20 ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
21 អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថា ន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ
22 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញដែរ សូមកុំនៅស្ងៀមឡើយ ឱព្រះអម្ចាស់អើយ សូមទ្រង់កុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
23 សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
24 ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យគេមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
25 កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ
26 ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហដោយសេចក្ដីខ្មាស និងអាប់យសទៅ
27 តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយវិញ អើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ា បានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យ ចំពោះសេចក្ដីចម្រើននៃអ្នកបម្រើទ្រង់
28 យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។