ទំនុកដំកើង
Psalm 80
ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក
2 សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន និងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
3 ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
4 ៙ ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ តើទ្រង់នឹងខ្ញាល់ទាស់នឹងសេចក្ដីអធិស្ឋានរបស់ រាស្ត្រទ្រង់ដល់កាលណា
5 ទ្រង់បានឲ្យគេបរិភោគនំបុ័ងដែលនាំឲ្យស្រក់ទឹកភ្នែក ព្រមទាំងឲ្យគេផឹកទឹកភ្នែកពេញរង្វាល់ហើយ
6 ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា ដល់ពួកអ្នកជិតខាង ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ
7 ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
8 ៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ
9 ទ្រង់បានរៀបកន្លែងនៅជុំវិញ ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក
10 ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំ ហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ
11 បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ
12 ហេតុអ្វីបានជាទ្រង់រំលំរបងចេញ ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ
13 ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14 ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15 គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកម្លាំងសម្រាប់អង្គទ្រង់
16 ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភ័ក្ត្រទ្រង់ទតបន្ទោស
17 សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់
18 យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់
19 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។