ទំនុកដំកើង
Psalm 142
ទូលបង្គំស្រែកទូលដល់ព្រះយេហូវ៉ា ដោយសំឡេងនៃទូលបង្គំ គឺដោយសំឡេងរបស់ទូលបង្គំ ដែលទូលបង្គំទូលអង្វរដល់ព្រះយេហូវ៉ា
2 ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញ នៅចំពោះទ្រង់ ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំ នៅចំពោះទ្រង់ដែរ
3 កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ
4 សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ
5 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ
6 សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ
7 សូមនាំព្រលឹងទូលបង្គំចេញពីគុកទៅ ដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ ពួកមនុស្សសុចរិតនឹងព័ទ្ធទូលបង្គំជុំវិញ ពីព្រោះទ្រង់នឹងប្រោសទូលបង្គំយ៉ាងល្អជាបរិបូរ។