ទំនុកដំកើង
Psalm 81
ចូរបន្លឺសំឡេងឡើង ច្រៀងថ្វាយព្រះដ៏ជាកម្លាំងនៃយើងខ្ញុំ ចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2 ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះ ព្រមទាំងចាប់ស៊ុងដ៏ពីរោះ និងដេញពិណផង
3 ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌ និងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4 ដ្បិតនោះហើយជាច្បាប់សម្រាប់សាសន៍អ៊ីស្រាអែល គឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5 ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប ក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទ វេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6 សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7 នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវ ហើយអញបានជួយឯងឲ្យរួច អញបានតបដល់ឯងពីទីសម្ងាត់នៃផ្គរ អញបានល្បងលឯងនៅត្រង់ទឹកមេរីបា ។ –បង្អង់
8 ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងធ្វើបន្ទាល់ដល់ឯង ឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ
9 មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
10 អញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
11 ប៉ុន្តែ រាស្ត្រអញមិនបានស្តាប់តាមអញឡើយ សាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ
12 ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស របស់គេទៅ ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
13 ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ
14 នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ
15 គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា បានចុះចូលចំពោះទ្រង់ ប៉ុន្តែ ពេលវេលារបស់អ៊ីស្រាអែល នឹងស្ថិតស្ថេរនៅជាដរាបតទៅ
16 ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនិងចម្អែតគេដោយទឹកឃ្មុំពីថ្មដា។