ទំនុកដំកើង
Psalm 45
ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ ពីដំណើរមហាក្សត្រ អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
2 ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ
3 ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
4 រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជម្នះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច
5 ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6 ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7 ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់
8 ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានឮសូរភ្លេងចេញពីដំណាក់ភ្លុក បណ្តាលឲ្យទ្រង់សប្បាយឡើង
9 មានបុត្រីស្តេចនៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ ។
10 ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11 នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ ដោយសេចក្ដីលំអរបស់ឯង ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះ ត្រូវកោតខ្លាចដល់ទ្រង់
12 ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយតង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ
13 ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។
14 ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា ប្រដាប់ដោយព្រះភូសាប៉ាក់ ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក នោះនឹងមកឯទ្រង់ដែរ
15 នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ ដោយមានសេចក្ដីរីករាយសប្បាយ។
16 ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
17 អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។