Psalm 113

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
2 សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅ
3 ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច នោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​គួរ​សរសើរ
4 ព្រះ‌យេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ
5 តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ
6 ទ្រង់​ឱន​ព្រះ‌នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី
7 ទ្រង់​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម
8 ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំ គឺ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​នៃ​រាស្ត្រ​ទ្រង់
9 ទ្រង់​ក៏​ប្រោស​ឲ្យ​ស្រី​អារ​បាន​ផ្ទះ‌សំបែង ហើយ​ឲ្យ​មាន​កូន​ដោយ​រីក‌រាយ​វិញ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។