ទំនុកដំកើង
Psalm 49
អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយ៍អើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
2 គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា
3 មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី សេចក្ដីត្រឹមត្រូវ
4 ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមា ខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។
5 ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់ គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង បានព័ទ្ធខ្ញុំជុំវិញហើយ
6 ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ
7 នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកតម្លៃសម្រាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ
8 ដ្បិតតម្លៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ
9 នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយ មិនបានទេ។
10 ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ ហើយមនុស្សខ្លៅល្ងង់ និងមនុស្សកំរោល គេវិនាស ទៅដូចគ្នា ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11 អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុកតាមឈ្មោះរបស់ខ្លួនដែរ
12 ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែ មនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14 គេដូចជាហ្វូងសត្វដែលតម្រង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ
15 ប៉ុន្តែ ព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16 ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17 ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ ផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18 ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ ក្នុងកាលដែលនៅរស់នៅឡើយ ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន លៀងជីវិតយ៉ាងល្អក៏ដោយ
19 គង់តែនឹងត្រូវទៅតាមពួកអយ្យកោខ្លួន ដែលមិនឃើញពន្លឺទៀត
20 មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។