Psalm 126

កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ
2 គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយ ហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចម្រៀង នោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្រាប់​ពួក​នោះ​ពិត
3 ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្រាប់​យើង​មែន ហើយ​ក៏​អរ​ណាស់​ដែរ
4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង
5 អស់​អ្នក​ដែល​សាប‌ព្រោះ​ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ​ដោយ​ច្រៀង​អរ​សប្បាយ
6 ឯ​អ្នក​ដែល​កណ្តៀត​ពូជ​សម្រាប់​សាប‌ព្រោះ ចេញ​ទៅ​ទាំង​យំ នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ ព្រម​ទាំង​យក​កណ្តាប់​មក​ផង។