ទំនុកដំកើង
Psalm 6
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ
2 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
3 ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
5 ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់
6 ទូលបង្គំអស់កម្លាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
7 ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។
8 ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
9 ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង
10 អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាស ហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាម១រំពេច។