ទំនុកដំកើង
Psalm 19
ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ
2 ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សម្ដែងចំណេះដល់យប់១ទៀតដែរ
3 ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
4 ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ៍ នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសម្រាប់ព្រះអាទិត្យ
5 ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក ទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួន ដូចជាមនុស្សខ្លាំងពូកែ
6 ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង ហើយដើរវង់ទៅដល់ជើងមេឃម្ខាង គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។
7 ៙ ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
8 សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ ក្រឹត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក
9 សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់Chapter
10 សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
11 មួយទៀត ទូលបង្គំ ជាអ្នកបម្រើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ
12 តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជម្រះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង
13 សូមរាំងរាទូលបង្គំ ជាអ្នកបម្រើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនិងបានរួចពីអំពើ រំលងយ៉ាងធំផង
14 ឱព្រះយេហូវ៉ាជាថ្មដា ហើយជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់។