Psalm 58

តើ​ពិត​ជា​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​សុចរិត ដោយ​នូវ​តែ​ស្ងៀម​ដូច្នេះ​ឬ នែ មនុស្ស​ជាតិ​អើយ តើ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ ដោយ​ទៀង​ត្រង់​ពិត​ឬ
2 មិន​មែន​ទេ គឺ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តែ សេចក្ដី​អាក្រក់​ទទេ ហើយ​នៅ​ក្នុង​ស្រុក នោះ​ក៏​ថ្លឹង​ឲ្យ​មាន​ការ​ច្រឡោត ដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​វិញ
3 ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃ តាំង​តែ​ពី​ពោះ​ម្តាយ​មក គេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូត តាំង​តែ​ពី​កើត​មក
4 ពិស​របស់​គេ​ដូច​ជា​ពិស​នៃ​ពស់ ដូច​ជា​ពស់‌វែក​ដំឡង់​ដែល​បិទ​ត្រចៀក
5 ដែល​មិន​ព្រម​ស្តាប់​សំឡេង​របស់​គ្រូ​អាល‌ម្ពាយ ទោះ​បើ​ចេះ​សូត្រ​របៀន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ
6 ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ
7 សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹក កាល​ណា​គេ​តម្រង់​ព្រួញ​គេ នោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះ បាន​ដូច​ជា​បាក់​វិញ
8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ
9 ឯ​មុន​ដែល​រំកាច់​ឧស​បាន​ប៉ះ​នឹង​ឆ្នាំង នោះ​ខ្យល់​កួច​នឹង​ផាត់​យក​ទៅ ដោយ​ទាំង​ឧស​ស្រស់ និង​ឧស​ដែល​ឆេះ​ផង
10 ឯ​មនុស្ស​សុចរិត គេ​នឹង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​នៃ​មនុស្ស​អាក្រក់
11 បាន​ជា​មនុស្ស​នឹង​ថា ពិត​ប្រាកដ​ជា​មាន​រង្វាន់ ដល់​មនុស្ស​សុចរិត ពិត​ប្រាកដ​ជា​មាន​ព្រះ​១​អង្គ ដែល​វិនិច្ឆ័យ​នៅ​ផែនដី​ដែរ។