ទំនុកដំកើង
Psalm 76
នៅស្រុកយូដាគេស្គាល់ព្រះហើយ ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល
2 រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន
3 នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល និងដាវ ហើយអស់ទាំងគ្រឿងចម្បាំងបង់។ –បង្អង់
4 ៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរ ជាងភ្នំរំពា ទាំងប៉ុន្មាន
5 ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ គេបានដេកអស់ពេលដេករបស់គេហើយ ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច លើកដៃឡើងបានឡើយ
6 ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចម្បាំង និងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា
7 គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
8 ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ
9 គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជម្រះ ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា នៅផែនដី។ –បង្អង់
10 ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់នៃសេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
11 ចូរបន់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកតង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
12 ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ ទ្រង់ជាទីគួរតក់ស្លុតដល់ពួកក្សត្រនៅផែនដី។