Psalm 149

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង
2 គួរ​ឲ្យ​ពួក​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន
3 គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់ និង​ស៊ុង
4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ
5 គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អ គួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ កំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន
6 គួរ​ឲ្យ​មាន​សេចក្ដី​សរសើរ​យ៉ាង​ប្រសើរ​ពី​ព្រះ នៅ​ក្នុង​មាត់​គេ និង​ដាវ​មាន​មុខ​២​នៅ​ដៃ​គេ​ដែរ
7 ដើម្បី​នឹង​សម្រេច​ការ​សង‌សឹក​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ការ​វាយ‌ផ្ចាល​ដល់​បណ្តា‌ជន​ទាំង‌ឡាយ
8 ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​គេ និង​ខ្នោះ​ដែក​ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ​ដែរ
9 ដើម្បី​នឹង​សម្រេច​ការ​វិនិច្ឆ័យ​ដល់​គេ ដូច​ជា​បាន​កត់​ទុក​ហើយ ការ​នេះ​ជា​កិត្តិយស​ដល់​ពួក​អ្នក​ដែល​បរិសុទ្ធ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។