ទំនុកដំកើង
Psalm 132
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីដាវីឌ ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2 ដែលលោកបានស្បថនឹងព្រះយេហូវ៉ា ហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថា
3 ពិតប្រាកដជាទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះ ជាទីលំនៅរបស់ទូលបង្គំ ឬឡើងទៅដេក នៅលើគ្រែឡើយ
4 ក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់ ឬឲ្យត្របកភ្នែកធ្មេចឡើយ
5 ដរាបដល់ទូលបង្គំរកបានទីកន្លែងសម្រាប់ព្រះយេហូវ៉ា គឺជាពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប
6 មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតា ក៏ប្រទះឃើញនៅវាលយ៉ាអើរ
7 យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ យើងខ្ញុំនឹងក្រាបថ្វាយបង្គំ នៅមុខទីកំណល់កល់ព្រះបាទទ្រង់
8 សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយ សូមយាងចូលទៅក្នុងទីសម្រាករបស់ទ្រង់ គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង
9 សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ ស្រែកឡើងដោយអំណរ
10 សូមកុំបំបែរមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំង ចេញឡើយ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើទ្រង់
11 ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌដោយសេចក្ដីពិត ទ្រង់ក៏មិនព្រមប្រែចេញវិញឡើយ គឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯង តាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12 បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញ និងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេ នោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13 ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូន ទ្រង់សព្វព្រះហឫទ័យចង់បាន សម្រាប់ជាលំនៅរបស់ទ្រង់
14 នេះជាទីសម្រាករបស់អញនៅអស់កល្បជានិច្ច អញនឹងអាស្រ័យនៅទីនេះ ដ្បិតអញមានចិត្តចង់បានហើយ
15 អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ ហើយនិងចម្អែតមនុស្សក្រនៅក្រុងនេះ ដោយអាហារដ៏គ្រប់គ្រាន់
16 ឯពួកសង្ឃ អញនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ
17 នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សម្រាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ
18 អញនឹងយកសេចក្ដីខ្មាសតាក់តែងឲ្យពួកខ្មាំងសត្រូវ របស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។