ទំនុកដំកើង
Psalm 31
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2 សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់ សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ គឺជាបន្ទាយសម្រាប់ជួយសង្គ្រោះទូលបង្គំផង
3 ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត ហេតុនោះ សូមទ្រង់នាំ ហើយតម្រង់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់
4 សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំ ដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5 ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិតអើយ ទ្រង់បានលោះទូលបង្គំទុក
6 ទូលបង្គំស្អប់ចំពោះអស់អ្នក ដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរ ឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7 ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8 ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំឲ្យនៅទីធំទូលាយវិញ
9 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្ដីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង
10 ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយ ហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផង កម្លាំងនៃទូលបង្គំចេះតែខ្សោយទៅ ដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំ ហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11 ទូលបង្គំបានត្រឡប់ជាទីដៀលត្មះ ដោយព្រោះពួកតតាំងនឹងទូលបង្គំ អើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំង ហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ ទូលបង្គំផង ពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅ នោះក៏រត់ចេញពីមុខទូលបង្គំទៅ
12 មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
13 ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
14 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ
15 ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវ របស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ
16 សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់
17 ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំបានអំពាវនាវដល់ទ្រង់ សូមឲ្យពួកមនុស្សអាក្រក់មានសេចក្ដីខ្មាសវិញ សូមឲ្យគេស្ងៀមនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
18 សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ និងសេចក្ដីមើលងាយ
19 ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអំបាលណាទៅ ដែលទ្រង់បានត្រៀមទុកសម្រាប់អស់អ្នកដែល កោតខ្លាចដល់ទ្រង់ ជាសេចក្ដីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោក សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
20 ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ ឲ្យបានរួចពីឧបាយរបស់មនុស្ស ទ្រង់នឹងថែរក្សាគេ ដោយសម្ងាត់ នៅក្នុងពន្លាទ្រង់ ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ
21 សូមលើកសរសើរដល់ព្រះយេហូវ៉ា ដ្បិតទ្រង់បានសម្ដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន
22 ឯទូលបង្គំបាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែ ទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់
23 ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ
24 ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នា បានក្លាហានចុះ។