ទំនុកដំកើង
Psalm 108
ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរ ដោយសារកិត្តិយសរបស់ទូលបង្គំដែរ
2 ឱពិណ ហើយនិងស៊ុងអើយ ចូរភ្ញាក់ឡើង ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
3 ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ នៅកណ្តាលជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
4 ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
5 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃ ហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
6 ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ ហើយឆ្លើយមកយើងខ្ញុំផង
7 ព្រះទ្រង់បានមានព្រះបន្ទូលដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែម ហើយនិងវាស់ច្រកភ្នំសិកូត
8 ឯស្រុកកាឡាត ជាស្រុករបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិម ជាទីមាំមួនការពារក្បាលយើង ហើយស្រុកយូដា ជាអ្នកតែងច្បាប់របស់យើង
9 ស្រុកម៉ូអាប់ ជាអាងសម្រាប់ឲ្យយើងងូតទឹក ហើយយើងបោះស្បែកជើងទៅលើស្រុកអេដុម យើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន
10 តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដុម
11 ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី ជាព្រះដែលបានចោលយើងខ្ញុំហើយផង ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយ នឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
12 សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
13 ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។