ទំនុកដំកើង
Psalm 57
សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ អើយ សូមអាណិតមេត្តាទូលបង្គំផង ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់ អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់ ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
2 ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត គឺដល់ព្រះដែលទ្រង់សម្រេចគ្រប់ការឲ្យទូលបង្គំ
3 កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ គេត្មះតិះដៀល នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់ ៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់មក
4 ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
5 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង ឡើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អនៃទ្រង់បាននៅពីផែនដីទាំងមូល។
6 ៙ គេបានត្រៀមអន្ទាក់សម្រាប់ទាក់ជើងទូលបង្គំ ព្រលឹងនៃទូលបង្គំបានត្រូវឱនចុះ គេបានជីករណ្តៅនៅមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
7 ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងស្រេចហើយ ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
8 ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង ឱពិណ ហើយនិងស៊ុងអញអើយ ចូរភ្ញាក់ឡើង ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
9 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ កណ្តាលពួកជន ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ
10 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ
11 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង ខ្ពស់ជាងស្ថានសួគ៌ ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។