Psalm 53

មនុស្ស​ល្ងង់‌ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ឡើយ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ
2 ព្រះ‌ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ ចំពោះ​ពួក​កូន​មនុស្ស ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត គឺ​ដែល​ស្វែង​រក​ព្រះ​ឬ​ទេ
3 គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ​ជា ស្មោក‌គ្រោក​ទាំង​អស់ គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង
4 ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នេះ តើ​គ្មាន​ប្រាជ្ញា​ទេ​ឬ ជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ​ឡើយ
5 យ៉ាង​នោះ គេ​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង នៅ​កន្លែង​ដែល ឥត​មាន​ហេតុ​គួរ​ឲ្យ​ភ័យ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ឆ្អឹង​របស់​ពួក​អ្នក​ដែល បោះ​ទ័ព​ទាស់​នឹង​ឯង ឯង​បាន​ធ្វើ​ឲ្យ​គេ​អៀន‌ខ្មាស ដោយ​ព្រោះ​ព្រះ​បាន លះ​ចោល​គេ​ហើយ
6 ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះ កាល​ណា​ព្រះ‌ទ្រង់​នាំ​ពួក​ឈ្លើយ​នៃ​រាស្ត្រ​ទ្រង់​មក​វិញ នោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង ហើយ​អ៊ីស្រា‌អែល​នឹង​រីក‌រាយ​សាទរ។