ទំនុកដំកើង
Psalm 74
ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
2 សូមនឹកចាំពីពួកជំនុំ ដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសម្រាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
3 សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅ បាក់បែកជានិច្ច គឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវ បានធ្វើនៅក្នុងទីបរិសុទ្ធ។
4 ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់ គេបានលើកទង់របស់គេឡើងជាទីសម្គាល់
5 គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើង ប្រុងនឹងកាប់ព្រៃញឹក
6 ឥឡូវនេះ គេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ ដោយពូថៅ និងញញួរ
7 ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
8 ដោយនឹកក្នុងចិត្តថា ចូរយើងកម្ទេចចេញឲ្យអស់ គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ ដែលនៅក្នុងស្រុកដែរ។
9 ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតឡើយ ហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំ ដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10 ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11 ហេតុអ្វីបានជាទ្រង់ដកព្រះហស្ត គឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះ សូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមក ហើយបំផ្លាញគេចុះ។
12 ៙ ប៉ុន្តែ ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13 ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសម្បើមនៅក្នុងទឹក
14 ទ្រង់បានកិនកម្ទេចក្បាលរបស់ក្រពើ ព្រមទាំងប្រទានសាច់វាទុកជាអាហារ ដល់ពួកមនុស្សដែលនៅទីរហោស្ថាន
15 ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
16 ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ ទ្រង់បានបង្កើតពន្លឺ និងដួងព្រះអាទិត្យ
17 ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
18 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
19 ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ
20 សូមទ្រង់យល់ដល់សេចក្ដីសញ្ញា ដ្បិតអស់ទាំងទីងងឹតនៅផែនដី បានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ
21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។
22 ៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច
23 សូមកុំភ្លេចពីសូរសម្រែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។