Psalm 1

មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប ឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើល‌ងាយ
2 អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ
3 អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចម្រើន​ឡើង​ទាំង​អស់
4 ចំណែក​មនុស្ស​អាក្រក់​មិន​ដូច្នោះ​ទេ គឺ​គេ​ដូច​ជា​អង្កាម​វិញ ដែល​ខ្យល់​ផាត់​ខ្ចាត់​ខ្ចាយ​ទៅ
5 ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជម្រះ ទេ ឯ​ពួក​មាន​បាប​ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ
6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។