ទំនុកដំកើង
Psalm 91
អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។
2 ឯទូលបង្គំនឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
3 ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច ពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
4 ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
5 ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ
6 ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
7 នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
8 ឯងនឹងបានក្រឡេកឃើញការតបស្នង ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9 ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10 យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11 ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
12 ទេវតាទាំងនោះនឹងទ្រឯងដោយដៃ ក្រែងជើងឯងទង្គិចនឹងថ្ម
13 ឯងនឹងជាន់លើទាំងសត្វសិង្ហ និងពស់ហនុមានផង ឯសិង្ហស្ទាវ និងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
14 ៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ
15 វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនិងលើកមុខឲ្យ
16 អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែង ហើយនិងបង្ហាញឲ្យឃើញសេចក្ដីសង្គ្រោះរបស់អញ។