ទំនុកដំកើង
Psalm 147
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី
2 ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡឹមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយមកវិញ
3 ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង
4 ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់
5 ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6 ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសា តែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ
7 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
8 ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសម្រាប់ផែនដី ហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9 ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង
10 ទ្រង់មិនសព្វព្រះហឫទ័យនឹងកម្លាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ
11 គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនិងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស របស់ទ្រង់ប៉ុណ្ណោះ
12 ឱក្រុងយេរូសាឡឹមអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ
13 ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង ក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14 ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង ទ្រង់ចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
15 ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង
16 ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផេះ
17 ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗ តើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន
18 ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញ ទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក នោះទឹកក៏ហូរ
19 ទ្រង់សម្ដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ត និងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល
20 ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀត យ៉ាងនោះឡើយ ឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។