ទំនុកដំកើង
Psalm 65
ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់ នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់
2 ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្ស នឹងមូលមកឯទ្រង់
3 អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ ឯការរំលងរបស់យើងខ្ញុំ នោះទ្រង់នឹងជម្រះចោលចេញ
4 មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់ ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ នៃដំណាក់ទ្រង់ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
5 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនិងចុងសមុទ្រនៅទីឆ្ងាយផង
6 ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់ ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
7 ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក និងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
8 ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង និងពេលល្ងាច ព្រលប់ បានអរសប្បាយផងគ្នា
9 ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
10 ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11 ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ សេចក្ដីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
12 នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
13 អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។