ទំនុកដំកើង
Psalm 60
ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទម្លាយទម្លុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
2 ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រ ព្រមទាំងបំបែកចេញផង សូមកែទីធ្លុះធ្លាយឡើងវិញ ដ្បិតកំពុងតែទ្រេតទ្រោតទៅ
3 ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់ ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង
4 តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោត ខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញ ដោយព្រោះសេចក្ដីពិត ។ –បង្អង់
5 ៙ សូមជួយសង្គ្រោះយើងខ្ញុំ ដោយសារព្រះហស្តស្តាំនៃទ្រង់ ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់ បានសេចក្ដីប្រោសឲ្យរួច
6 ព្រះទ្រង់បានមានព្រះបន្ទូលដោយសេចក្ដីបរិសុទ្ធ របស់ទ្រង់ហើយ យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម ហើយនិងវាស់ច្រកភ្នំសិកូត
7 ឯស្រុកកាឡាតជារបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើង ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
8 ស្រុកម៉ូអាប់ជាអាងសម្រាប់ឲ្យយើងងូតទឹក ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដុម នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង ដោយព្រោះយើង។
9 ៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដុម
10 ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី ដែលទ្រង់បានចោលយើងខ្ញុំហើយ ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹង ពលទ័ពរបស់យើងខ្ញុំទៀតដែរ
11 សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
12 ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។