ទំនុកដំកើង
Psalm 29
នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ ចូរសរសើរព្រះយេហូវ៉ា ចូរសរសើរព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ ហើយនិងព្រះចេស្តា
2 ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ ព្រះយេហូវ៉ាចុះ។
3 ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹក ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច ព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កម្ទេចដើមតាត្រៅ នៅភ្នំល្បាណូន
6 ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោត ដូចជាកូនគោ ហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរាន បោល ដូចជាគោព្រៃស្ទាវ
7 ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមាន អណ្តាតភ្លើងផុសឡើង
8 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថាន ញ័រកក្រើក ព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី សម្រាលកូនមក ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ ក៏បន្លឺឡើងថា «ស្រីសួស្តី»
10 ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ៍ អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ នៅអស់កល្បជានិច្ច
11 ព្រះយេហូវ៉ាទ្រង់នឹងចម្រើនកម្លាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ។