ទំនុកដំកើង
Psalm 17
ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដី ដែលទៀងត្រង់ សូមប្រុងស្តាប់សម្រែកនៃទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ជាសេចក្ដីអធិស្ឋានដែលមិនចេញពីបបូរមាត់មានពុតទេ
2 សូមឲ្យការសម្រេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មក សូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់
3 ទ្រង់បានសាកលចិត្តទូលបង្គំហើយ ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់ ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ
4 ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួន ឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូល ពីព្រះឱស្ឋទ្រង់
5 ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ
6 ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ដ្បិតទ្រង់នឹងមានព្រះបន្ទូលឆ្លើយមកទូលបង្គំ សូមទ្រង់ផ្អៀងព្រះកាណ៌មកស្តាប់ពាក្យរបស់ទូលបង្គំផង
7 ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំ ចំពោះអស់អ្នកដែលពឹងទ្រង់ ឲ្យគេបានរួចពីអ្នកតតាំងអើយ សូមទ្រង់សម្ដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង
8 សូមការពាររក្សាទូលបង្គំដូចជាប្រស្រីភ្នែក សូមបាំងទូលបង្គំនៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់
9 ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ
10 គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេ ហើយមាត់គេពោលតែពាក្យព្រហើន
11 ឥឡូវនេះ គេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន របស់យើងខ្ញុំហើយ គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
12 គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ី ហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងរាំងផ្លូវគេ សូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវនៃទ្រង់
14 ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សនៅលោកីយ៍នេះ ដែលមានចំណែក របស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះ ហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយក៏ចែកសំណល់នៃសម្បត្តិគេដល់កូនង៉ែតរបស់ខ្លួន
15 ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភ័ក្ត្រទ្រង់ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។