ទំនុកដំកើង
Psalm 148
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ា ពីលើស្ថានសួគ៌ ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
2 អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់ អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
3 ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់ អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់
4 ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ ចូរសរសើរដល់ទ្រង់ចុះ ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ ទៅទៀតនោះ
5 គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក
6 ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
7 ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ នែ អស់ទាំងសត្វសម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន
8 អស់ទាំងភ្លើង និងព្រិល ហិមៈ និងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសម្រេចតាមព្រះបន្ទូលទ្រង់
9 ព្រមទាំងភ្នំធំតូចទាំងអស់ ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន
10 គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារ និងសត្វស្លាប
11 អស់ទាំងស្តេចនៅផែនដី និងបណ្តាជនទាំងឡាយ ពួកអ្នកធំៗ និងពួកចៅក្រមនៅផែនដី
12 ទាំងមនុស្សកំលោះ និងស្រីក្រមុំ ទាំងចាស់ទាំងក្មេងអើយ
13 ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត
14 ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់សាសន៍អ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។