ទំនុកដំកើង
Psalm 135
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ
2 ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ
3 ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ដ្បិតនោះពីរោះហើយ
4 ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុបទុកសម្រាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
5 ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំ ហើយថា ព្រះអម្ចាស់នៃយើងខ្ញុំ ទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
6 ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើ នោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដី នៅក្នុងសមុទ្រ ហើយនៅទីជម្រៅទាំងប៉ុន្មានផង
7 ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
8 គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនិងសត្វផង។
9 ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសម្គាល់ និងការអស្ចារ្យទៅកណ្តាលឯងហើយ គឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា
10 ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើន ព្រមទាំងសម្លាប់ស្តេចជាច្រើនអង្គ ដែលមានអានុភាពខ្លាំងផង
11 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណានទៀត
12 ទ្រង់ក៏ប្រទានស្រុករបស់គេទុកជាមរដក គឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។
13 ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរ នៅជាដរាប ឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ ហើយនិងប្រែព្រះហឫទ័យចំពោះពួកអ្នកបម្រើទ្រង់។
15 ៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាសប៉ុណ្ណោះ ជារបស់ដែលដៃមនុស្សបានធ្វើមក
16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ
17 មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង
18 ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯង ព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
19 ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ ឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ
20 ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ
21 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូនមក ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡឹម ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។