ទំនុកដំកើង
Psalm 137
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន
2 យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ
3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ គេបង្ខំឲ្យយើងច្រៀងបទ គឺពួកអ្នកដែលបំផ្លាញយើង គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក ឲ្យយើងស្តាប់មើល
4 តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន
5 ឱក្រុងយេរូសាឡឹមអើយ បើសិនជាខ្ញុំភ្លេចឯង នោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង
6 បើសិនជាខ្ញុំមិនរឭកដល់ឯង គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡឹម ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ
7 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកសាសន៍អេដុមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡឹម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
8 ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ សប្បាយហើយ អ្នកណាដែលសងដល់ឯង តាមការដែលឯងបានប្រព្រឹត្តនឹងយើង
9 សប្បាយហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯង ទៅបោកនឹងថ្មផង។