ទំនុកដំកើង
Psalm 68
សូមព្រះអង្គទ្រង់ឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ
2 សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
3 តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង
4 ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
5 ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា និងជាចៅក្រមដល់ពួកមេម៉ាយ
6 ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារ ឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចម្រើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។
7 ៙ ឱព្រះអង្គអើយ កាលទ្រង់បានយាងចេញនាំមុខ រាស្ត្រទ្រង់ទៅ នៅវេលាដែលទ្រង់បានយាងកាត់ទីហោស្ថាន។ បង្អង់
8 នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រនៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល
9 ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរ ក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
10 ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះ ឱព្រះអង្គអើយ ទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រ ដោយសេចក្ដីសប្បុរសនៃទ្រង់
11 ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់
12 ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅ ហើយពួកស្រីៗដែលនៅផ្ទះក៏ចែករបឹបគ្នា
13 ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង
14 នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ ពួកស្តេចនៅក្នុងស្រុក នោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15 ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16 ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល ដោយច្រណែន ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17 អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
18 ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ ពួកឈ្លើយនាំទៅជាឈ្លើយ ព្រមទាំងទទួលអំណោយទានសម្រាប់ចែកឲ្យដល់មនុស្ស គឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះ ដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់
20 ៙ ព្រះទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច ហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ា ជាព្រះអម្ចាស់ដែរ
21 តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់ និងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22 ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេត្រឡប់មកពីស្រុកបាសាន អញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23 ដើម្បីឲ្យឯងបានជាន់ឈ្លីគេ ព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផង ប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវ របស់ទ្រង់ដែរ
24 ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់ ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំ ដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ
25 ពួកចម្រៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយ នៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26 ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយ ចូរលើកតម្កើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27 នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា និងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង
28 ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កម្លាំងដល់ឯង ឱព្រះអង្គអើយ សូមចម្រើនកម្លាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
29 ឯពួកស្តេច គេនឹងនាំយកតង្វាយមកថ្វាយទ្រង់ ដោយយល់ដល់ព្រះវិហារនៃទ្រង់ ដែលនៅក្រុងយេរូសាឡឹម
30 សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍ ទាំងឡាយផង ឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗ ទ្រង់បានកម្ចាត់កម្ចាយអស់ទាំងសាសន៍ ដែលពេញចិត្តនឹងការសឹកសង្គ្រាម
31 ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
32 ៙ អស់ទាំងនគរនៅផែនដីអើយ ចូរច្រៀងថ្វាយព្រះ ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ចុះ –បង្អង់
33 គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ ផ្ទៃមេឃដ៏នៅតាំងពីបូរាណមក ន៏ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង
34 ចូរសរសើរថា ព្រះទ្រង់មានព្រះចេស្តា ឫទ្ធានុភាពនៃទ្រង់គ្របលើសាសន៍អ៊ីស្រាអែល ហើយព្រះចេស្តាទ្រង់ក៏នៅលើលើផ្ទៃមេឃ
35 ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកម្លាំង និងអំណាចដល់រាស្ត្រទ្រង់ សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។