ទំនុកដំកើង
Psalm 5
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ
2 ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ សូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវ ដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់
3 ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង
4 ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ ឯសេចក្ដីអាក្រក់នឹងនៅជាមួយនឹងទ្រង់មិនបាន
5 ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
6 ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ខ្ពើមឆ្អើមចំពោះមនុស្សដែលតែងតែ កម្ចាយឈាម ហើយបោកប្រាសគេ
7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់
8 ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
9 ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
10 ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងទ្រង់ហើយ
11 នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែង ការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់
12 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។