ទំនុកដំកើង
Psalm 46
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
2 ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ
3 ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើង ឬភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកលោតចុះឡើងក្តី។ –បង្អង់
4 ៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
5 ព្រះទ្រង់គង់នៅកណ្តាល ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
6 អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
7 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។ –បង្អង់
8 ៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី
9 ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចម្បាំងនៅក្នុងភ្លើង
10 ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី
11 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។