ទំនុកដំកើង
Psalm 97
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
2 មានពពក និងសេចក្ដីងងឹតបាំងជុំវិញទ្រង់ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់បល្ល័ង្កទ្រង់
3 មានភ្លើងចេញទៅនៅចំពោះទ្រង់ ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញ
4 ផ្លេកបន្ទោររបស់ទ្រង់ក៏បំភ្លឺលោកីយ៍ ផែនដីបានឃើញ ហើយញាប់ញ័រ
5 អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់
7 សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់ មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
8 ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរ ពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើង ដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
9 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុត នៅលើផែនដីទាំងមូល ទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
10 ឱពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់ចុះ ទ្រង់ទំនុកបម្រុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់
11 មានពន្លឺបានសាបព្រោះទៅ សម្រាប់មនុស្សសុចរិត និងសេចក្ដីអំណរ សម្រាប់មនុស្សដែលមានចិត្តទៀងត្រង់
12 ឱមនុស្សសុចរិតអើយ ចូរមានសេចក្ដីរីករាយ ក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណ ឲ្យជាទីរឭកដល់សេចក្ដីបរិសុទ្ធ របស់ទ្រង់ចុះ។