ទំនុកដំកើង
Psalm 75
ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ ស្ថិតនៅជិត មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។
2 ៙ កាលណាដល់វេលាដែលកំណត់ទុកហើយ នោះអញនឹងជំនុំជម្រះដោយសុចរិត
3 ផែនដី និងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅ គឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់
4 ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យតម្កើងខ្លួនឲ្យសោះ
5 មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ ឬនិយាយដោយប្រហើនឡើយ
6 ដ្បិតការតម្កើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។
7 ៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
8 ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។
9 ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប
10 ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានតម្កើងឡើងវិញ។