ទំនុកដំកើង
Psalm 88
ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ ទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានចូលមកនៅចំពោះទ្រង់ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង
3 ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនា ជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់
4 គេរាប់ទូលបង្គំជាមួយនឹងពួកអ្នកដែលកំពុងតែ ចុះទៅក្នុងរណ្តៅ ទូលបង្គំក៏ដូចជាមនុស្សដែលគ្មានកម្លាំង
5 ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយ ដូចជាអ្នក១ដែលត្រូវគេកាប់សម្លាប់ ដែលដេកនៅក្នុងផ្នូរ ជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះ ហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
6 ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជម្រៅ
7 សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។ –បង្អង់
8 ៙ ទ្រង់បានធ្វើឲ្យពួកមិត្តភក្តិរបស់ទូលបង្គំឃ្លាតឆ្ងាយទៅ ក៏បានធ្វើឲ្យទូលបង្គំត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំងនៅ និងចេញមកមិនរួច
9 ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ច ទូលបង្គំបានប្រទូលដៃចំពោះទ្រង់
10 តើទ្រង់នឹងសម្ដែងការអស្ចារ្យ ដល់មនុស្សដែលស្លាប់ហើយឬ តើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។ –បង្អង់
11 ៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរ ឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរអី
12 តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់ នៅក្នុងទីងងឹត ឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ
13 ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ នៅពេលព្រឹកសេចក្ដីអធិស្ឋានរបស់ទូលបង្គំ នឹងមកចំពោះទ្រង់
14 ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់បោះបង់ព្រលឹងនៃទូលបង្គំចោល ម្តេចក៏ទ្រង់លាក់ព្រះភ័ក្ត្រនឹងទូលបង្គំដូច្នេះ
15 ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់
16 សេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានហូរគ្រប លើទូលបង្គំហើយ សេចក្ដីស្ញែងខ្លាចរបស់ទ្រង់បានកាត់ទូលបង្គំចេញ
17 សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំជុំវិញ ដូចជាទឹក ជាដរាបរាល់ថ្ងៃ ក៏នាំគ្នារឹតរួតទូលបង្គំទាំងអស់
18 ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំ និងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅ ពួកមិត្តភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ។