Psalm 20

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់ ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុប បាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់
2 ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ​មក​ជួយ​ទ្រង់ ហើយ​ចម្រើន​កម្លាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក
3 ទាំង​នឹក​ចាំ​ពី​បណ្តា​តង្វាយ​របស់​ទ្រង់ ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់
4 ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យ ហើយ​ធ្វើ​សម្រេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា
5 យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជម្នះ ហើយ​និង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សម្រេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។
6 ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ សង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ផ្សាយ​កម្លាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ
7 អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ
8 ឯ​អ្នក​ទាំង​នោះ គេ​ត្រូវ​ឱន ហើយ​ដួល​ចុះ តែ​យើង​ខ្ញុំ​បាន​ក្រោក​ឈរ​ត្រង់​ឡើង
9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​ផង សូម​ឲ្យ​មហា‌ក្សត្រ​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ ក្នុង​កាល​ដែល យើង​ខ្ញុំ​អំពាវ‌នាវ​រក​ទ្រង់។