ទំនុកដំកើង
Psalm 54
ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដោយសារព្រះនាមទ្រង់ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
2 ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់វាចារបស់ទូលបង្គំផង
3 ដ្បិតមានមនុស្សដទៃ លើកគ្នាឡើងទាស់នឹងទូលបង្គំ ហើយពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ ។ –បង្អង់
4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំ ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ ព្រលឹងនៃទូលបង្គំ
5 ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវ ទូលបង្គំទៅលើគេវិញ សូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់
6 ទូលបង្គំនឹងយកតង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស
7 ពីព្រោះទ្រង់បានជួយទូលបង្គំឲ្យរួចពីគ្រប់សេចក្ដីវេទនា ភ្នែកទូលបង្គំបានឃើញបំណងចិត្តកើតដល់ពួកខ្មាំង សត្រូវរបស់ទូលបង្គំហើយ ។