ទំនុកដំកើង
Psalm 101
ទូលបង្គំនឹងច្រៀងពីសេចក្ដីសប្បុរស និងសេចក្ដីយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់
2 ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញា ឱកាលណាបានទ្រង់យាងមកឯទូលបង្គំ ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ
3 ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ
4 ចិត្តវៀចកោងនឹងត្រូវថយចេញពីទូលបង្គំទៅ ទូលបង្គំមិនព្រមស្គាល់សេចក្ដីអាក្រក់ទេ
5 ឯអ្នកណាដែលបង្កាច់អ្នកជិតខាងខ្លួនដោយសម្ងាត់ នោះទូលបង្គំនឹងបំផ្លាញចេញ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ នោះទូលបង្គំនឹងទ្រាំមិនបានឡើយ
6 ឯភ្នែកទូលបង្គំនឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះឯងនឹងបម្រើទូលបង្គំ
7 ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរ នោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបាន អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ
8 រាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ ចេញពីស្រុកទៅ ដើម្បីនឹងកាត់កាល់អស់ទាំងមនុស្សដែលប្រព្រឹត្ត សេចក្ដីទុច្ចរិត ចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់។