ទំនុកដំកើង
Psalm 118
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 ឥឡូវនេះ គួរឲ្យអស់អ្នក ដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5 ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
6 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន
7 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ តាមបំណងចិត្តខ្ញុំ
8 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ាជាជាងទុកចិត្តនឹងមនុស្ស
9 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ាជាជាងទុកចិត្តនឹងពួកអ្នកធំ។
10 ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11 គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12 គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13 គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14 ព្រះយេហូវ៉ាទ្រង់ជាកម្លាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ ក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15 ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
16 ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ។
17 ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18 ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19 សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ ហើយនិងអរព្រះគុណដល់ព្រះយេហូវ៉ា
20 នេះហើយជាទ្វារនៃព្រះយេហូវ៉ា ពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
22 ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
23 នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
24 ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។
25 ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមជួយសង្គ្រោះឥឡូវ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមចាត់សេចក្ដីចម្រើនមកឥឡូវ
26 សូមឲ្យព្រះអង្គដែលយាងមកដោយនូវព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា
27 ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនៈដោយខ្សែចុះ
28 ទ្រង់ជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ទ្រង់ជាព្រះនៃទូលបង្គំៗនឹងតម្កើងទ្រង់ឡើង។
29 ៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។