ទំនុកដំកើង
Psalm 41
មានពរហើយ អ្នកណាដល់មានអធ្យាស្រ័យ ដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់
2 ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ
3 ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យនៅគ្រប់វេលាមានធុរៈ។
4 ៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
5 ពួកខ្មាំងសត្រូវនៃទូលបង្គំ គេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថា តើវេលាណាវានឹងស្លាប់ ហើយឈ្មោះវាវិនាសបាត់ទៅ
6 បើកាលណាគេមកសួរទូលបង្គំ នោះក៏ពោលតែសេចក្ដីភូតភរទទេ ចិត្តគេប្រមូលសេចក្ដីទុច្ចរិតទុក លុះចេញទៅក្រៅហើយ នោះក៏ផ្សាយប្រាប់សេចក្ដីនោះ
7 ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា ទាស់នឹងទូលបង្គំ គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។
8 ៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវា ឥឡូវនេះ ដែលវាដេកចុះហើយ មុខជានឹងក្រោកឡើងវិញមិនបានឡើយ
9 អើ ទាំងមិត្តសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
10 តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិត មេត្តាលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។
11 ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិត ដោយពួកសត្រូវមិនមានជ័យជម្នះឈ្នះទូលបង្គំឡើយ
12 ឯទូលបង្គំ ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ ហើយក៏តាំងទូលបង្គំ ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
13 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអតីត ទៅដល់អនាគត អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។