ទំនុកដំកើង
Psalm 59
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ ទូលបង្គំរួចពីពួកខ្មាំងសត្រូវ សូមការពារឲ្យរួចពីពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ
2 សូមជួយទូលបង្គំឲ្យរួច ពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួច ពីមនុស្សដែលកម្ចាយឈាម
3 ដ្បិតមើល ឱព្រះយេហូវ៉ាអើយ គេលបចាប់ជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ
4 គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល
5 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6 ៙ គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង
7 មើល គេភើចេញមកពីមាត់គេ ក៏មានដាវនៅបបូរមាត់ ដ្បិតគេថា តើមានអ្នកណានឹងឮ
8 តែឱព្រះយេហូវ៉ាអើយ ទ្រង់នឹងសើចឡកឲ្យគេ ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង
9 ហេតុដោយព្រោះគេមានកម្លាំងខ្លាំង បានជាទូលបង្គំសម្លឹងមើលដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
10 ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស ដោយសេចក្ដីសប្បុរសនៃទ្រង់ ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
11 សូមកុំសម្លាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកម្ចាត់កម្ចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទម្លាក់គេចុះវិញ
12 សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ និងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា និងសេចក្ដីភូតភរ ដែលគេពោលនោះផង
13 សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប រហូតដល់ចុងផែនដីបំផុត។ –បង្អង់
14 ៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែ ឲ្យគេដើរក្រវែលទីក្រុងចុះ
15 គេនឹងដើរចុះឡើងរកអាហារ ហើយបើគេមិនបានឆ្អែត នោះឲ្យគេអាស្រ័យដរាបដល់ភ្លឺទៀត
16 តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា
17 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។