ទំនុកដំកើង
Psalm 27
ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
2 កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា
3 ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចម្បាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
4 ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនិងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនិងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់
5 ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសម្ងាត់ក្នុងត្រសាលទ្រង់ ហើយនិងលើកខ្ញុំឡើងដាក់លើថ្មដា
6 ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
8 កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភ័ក្ត្រទ្រង់ពិត
9 សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើទ្រង់ចេញដោយខ្ញាល់ឡើយ ទ្រង់បានតែងធ្វើជាអ្នកជំនួយរបស់ទូលបង្គំ ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ
10 បើកាលណាឪពុកម្តាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ
11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
12 សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង
13 បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ
14 ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។