ទំនុកដំកើង
Psalm 106
ចូរសរសើរដល់ព្រះយេហូវ៉ា ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសម្ដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3 មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំ និងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5 ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចម្រើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួចជាមួយនឹងមរដករបស់ទ្រង់។
6 ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកអយ្យកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7 ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម
8 ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ ដោយយល់ដល់ព្រះនាមទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ បានប្រាកដច្បាស់
9 ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជម្រៅ ដូចជាដើរនៅទីគោក
10 ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11 ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ
12 នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។
13 ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14 គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ក៏ល្បងលព្រះនៅទីហួតហែងវិញ
15 ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16 គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនិងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17 នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅ ហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18 មានភ្លើងឆេះឡើងក្នុងពួកគេ អណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19 ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20 គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21 គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើមនៅស្រុកអេស៊ីព្ទ
22 គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ និងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23 ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែ ម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។
24 ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25 គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថា ទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល អស់ទាំងសាសន៍ ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28 ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរ ហើយបានបរិភោគអស់ទាំងគ្រឿងបូជា ដែលថ្វាយដល់រូបព្រះឥតជីវិត
29 គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30 គ្រានោះ ភីនេហាសក៏ក្រោកឡើងសម្រេចទោសដល់គេ រួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31 ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32 ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ ដោយព្រោះគេ
33 ដ្បិតគេបានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34 ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35 គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36 ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37 អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ ពួកអារក្សផង
38 ក៏កម្ចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39 គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត ដោយអំពើរបស់គេផង។
40 ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41 ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិន ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43 ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែ សេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45 ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46 ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយ ត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47 ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក ដើម្បីឲ្យយើងខ្ញុំបានលើកតម្កើងព្រះនាមបរិសុទ្ធនៃទ្រង់ ព្រមទាំងយកការសរសើរដល់ទ្រង់ ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48 ៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកតម្កើងព្រះយេហូវ៉ាចុះ។