ទំនុកដំកើង
Psalm 98
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ និងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជម្នះ
2 ព្រះយេហូវ៉ាទ្រង់បានសម្ដែងឲ្យស្គាល់សេចក្ដីសង្គ្រោះ របស់ទ្រង់ ទ្រង់ធ្វើឲ្យសេចក្ដីសុចរិតរបស់ទ្រង់បានប្រាកដច្បាស់ នៅចំពោះភ្នែកនៃអស់ទាំងសាសន៍
3 ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយ អស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះ នៃយើងខ្ញុំ
4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទម្លាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ
5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ
6 ដោយត្រែ និងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ
7 ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ៍ និងអស់អ្នកដែលនៅលោកីយ៍ផង
8 ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ
9 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជម្រះផែនដី ទ្រង់នឹងជំនុំជម្រះលោកីយ៍ ដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។