ទំនុកដំកើង
Psalm 99
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង ត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រ ទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ
2 ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន
3 ចូរឲ្យគេសរសើរដល់ព្រះនាមដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ទ្រង់ចុះ ដ្បិតទ្រង់បរិសុទ្ធ។
4 ៙ ឯកម្លាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់ សេចក្ដីយុត្តិធម៌ គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ ទ្រង់ក៏សម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
5 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់បរិសុទ្ធ។
6 ៙ ឯម៉ូសេ និងអើរ៉ុន ក្នុងពួកសង្ឃ ហើយសាំយូអែល ក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់ គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រម
7 ទ្រង់មានព្រះបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ ព្រមទាំងក្រឹត្យក្រមដែលទ្រង់ប្រទានឲ្យផង
8 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ទ្រង់បានមានព្រះបន្ទូលតបនឹងអ្នកទាំងនោះ ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
9 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បរិសុទ្ធ។