ទំនុកដំកើង
Psalm 38
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ
2 ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង
3 គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ
4 ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
5 អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ
6 ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7 ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ
8 ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
9 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ
10 ចិត្តទូលបង្គំកម្រើកជាខ្លាំង ហើយកម្លាំងនៃទូលបង្គំក៏អន់ថយ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ
11 ពួកមិត្តសំឡាញ់ និងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
12 ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទម្លាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ
13 តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ
14 អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។
15 ៙ ដ្បិតឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ
16 ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរ ដោយទូលបង្គំភ្លាត់ជើង ហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
17 ដ្បិតទូលបង្គំជិតដួលហើយ សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
18 ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយនិងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ
19 ប៉ុន្តែ ពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ ហើយមានកម្លាំង ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ ក៏ចម្រើនជាច្រើនឡើង
20 ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
21 ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
22 ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង។