ទំនុកដំកើង
Psalm 47
ម្នាលជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជម្នះ
2 ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល
3 ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំ ព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង
4 គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំ គឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់ ។ –បង្អង់
5 ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ
6 ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះ ចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំ ចូរច្រៀងសរសើរចុះ
7 ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូល ចូរច្រៀងសរសើរយ៉ាងពីរោះចុះ។
8 ៙ ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍ ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់
9 ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។