ទំនុកដំកើង
Psalm 86
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត
2 សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា ឱព្រះនៃទូលបង្គំអើយ សូមជួយសង្គ្រោះអ្នកបម្រើដែលទុកចិត្តដល់ទ្រង់
3 ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ
4 សូមបណ្តាលឲ្យព្រលឹងនៃអ្នកបម្រើទ្រង់ បានរីករាយឡើង ពីព្រោះ ឱព្រះអម្ចាស់អើយ ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់
5 ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បម្រុងតែនឹងអត់ទោស ក៏មានសេចក្ដីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មក ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ ហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7 នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ពីព្រោះទ្រង់នឹងឆ្លើយតបមក
8 ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
9 ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកតម្កើងព្រះនាមទ្រង់
10 ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង
11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់
12 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនិងលើកតម្កើងព្រះនាមទ្រង់ជាដរាបតទៅ
13 ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំ ទ្រង់បានប្រោសព្រលឹងទូលបង្គំ ឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត
14 ឱព្រះអង្គអើយ មនុស្សឆ្មើងឆ្មៃបានលើកគ្នាឡើង ទាស់នឹងទូលបង្គំហើយ មានពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងទ្រង់នៅមុខគេទេ
15 តែឱព្រះអម្ចាស់អើយ ទ្រង់ជាព្រះដ៏ប្រកបដោយមេត្តា ករុណា និងអាណិតអាសូរ ក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ជាបរិបូរ
16 ឱសូមវិលមកឯទូលបង្គំវិញ ហើយអាណិតមេត្តាដល់ទូលបង្គំផង សូមប្រទានកម្លាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបម្រើទ្រង់ ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបម្រើទ្រង់ដែរ
17 សូមសម្ដែងទីសម្គាល់១ពីសេចក្ដីល្អ ដែលនឹងប្រោសដល់ទូលបង្គំ ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាសវិញ ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ ហើយកំសាន្តចិត្តនៃទូលបង្គំហើយ។