ទំនុកដំកើង
Psalm 62
ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
2 គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
3 តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សម្លាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ
4 គេប្រឹក្សាគ្នា ដើម្បីតែនឹងទម្លាក់អ្នកនោះចុះពីយសរបស់ខ្លួន គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
5 ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
6 គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
7 សេចក្ដីសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ
8 ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសម្រាប់យើងខ្ញុំ។ –បង្អង់
9 ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការ ហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់ បើនឹងថ្លឹងគេនៅជញ្ជីង នោះទាំងអស់រួចគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត
10 កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ បើកាលណាមានទ្រព្យសម្បត្តិចម្រើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
11 ព្រះទ្រង់បានមានព្រះបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា ឫទ្ធានុភាពសម្រេចនៅលើព្រះ
12 ឱព្រះអម្ចាស់អើយ សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់ តាមការប្រព្រឹត្តរបស់គេ។